Wednesday, March 17, 2010

Cambodian Star Cruise

ឈប់សំចតនៅកំពង់ផែស្វ័យយ័តរាជធានីភ្នំពេញ គេឃើញមានគ្រោងកប៉ាល់មួយ ដែលមានលក្ខណៈស្រដៀងកប៉ាល់ ណាហ្គា។ នេះប្រហែលជាកប៉ាល់ណាហ្គាដែលគេកំពុងជួសជុលហើយមើលទៅ។ មិនពិតនោះទេ! វាជាសមិទ្ធផលថ្មី មួយរបស់កូនខ្មែរ ដែលបានកសាងអស់រយះពេលជិតពីរឆ្នាំមកហើយ ដោយដាក់ឈ្មោះថា មេគង្គខ្មែរ។

ក្នុងគោលបំណងបណ្តាក់ទុនប្រាំលានដុល្លារ លោកជឺ ហៃ តំនាងម្ចាស់គំរោងធំបានរ៉ាយរ៉ាប់ថា បងប្រុសរបស់លោក (អ៊ុយ អៀងហេង) ជាអាជីវកររស់នៅប្រទេសបារាំង បានសំរេចចិត្តធ្វើពាណិជ្ជកម្មមួយនេះ ដោយមើលឃើញចំនួន ទេសចរនៅកម្ពុជាមានការកើនឡើង ទន្ទឹមនឹងគោលនយោបាយរបស់រាជរដ្ធាភិបាល ដែលធ្វើឪ្យប្រទេសកម្ពុជាមានការ អភិវឌ្ឍន៏ជាខ្លាំង។

នាវាទេសចរណ៏មេគង្គខ្មែរមានទទឹង ១៧ម និងបណ្តោយដល់ទៅ ៩០ម ដែលចែកចេញជា ៥ជាន់។ នៅតាមជាន់ នឺមួយៗនៃនាវា នឹងមានបំពាក់នូវគ្រឿងសង្ហារឹមទំនើបៗក្រោមរចនាបថខ្មែរ ព្រមទាំងសេវាកម្មដូចជា ភោជនីយដ្ធាន បារ កន្លែងស្ទីម និងសូណាជាលក្ខណៈខ្មែរ ហាងកែសម្ភស្ស និងកន្លែងស្នាក់នៅច្រើនប្រភេទ ជាង១០០បន្ទប់ទៀត។ ទន្ទឹមនឹងនោះដែរ ភ្ញៀវទេសចរក៏អាចសំរាកលំហែ និងទស្សនាទិដ្ធភាពតាមដងទន្លនៅជាន់ទី៤ ដែលទីនោះនឹងមាន អាងហែលទឹកដ៏ធំមួយ។

“ ពេលដែលកប៉ាល់សង់រួចរាល់ យើងនឹងធ្វើការចល័តកប៉ាល់ត្រង់ម្តុំទន្លេបាសាក់ និងមេគង្គក្រោមជារៀងរាល់ថ្ងៃសៅរ៏ ដោយក្នុងនោះនឹងមានការសំដែងរបាំខ្មែរសំរាប់ជាការកំសាន្តសំរាប់អ្នកដែលចូលរួម ” លោកជឺ ហៃ និយាយនិងបាន សន្យាថា នឹងខិតខំស្វែងរកអ្វីដែលថ្មី និងប្លែក ដើម្បីឪ្យសាកសមនឹងការសរសើរពីសំនាក់បរទេសថា ជាកប៉ាល់ស្នាដៃ ខ្មែរសុទ្ធសាធ។

ទន្ទឹមនឹងជោគជ័យដែលនឹងលេចឡើងនាចុងឆ្នាំនេះ លោក ជឺ ហៃ បានលើកឡើងពីឧបសគ្គខ្លះដូចជា កង្វះខាត ឧបករណ៏ និងសំភារៈសំរាប់សាងសង់។ ក្នុងនោះ លោកត្រូវកែច្នៃប្រើប្រាស់សំភារៈក្នុងស្រុក ដើម្បីកុំឪ្យការសាងសង់ នេះមិនមានភាព រលូនទៅមុខ ដែលឧបករណ៏នោះក៏អាចជំនួសអ្វីដែលត្រូវការដែរ។

ដំណើរការសាងសង់កប៉ាល់យក្សនៅកម្ពុជានេះ កំពុងប្រើប្រាស់កំលាំងកម្មករជាង ១០០នាក់ ក្រោមការគ្រប់គ្រងពីវិស្វករ ខ្មែរ និងប្រឹក្សាពីវិស្វករនៅប្រទេសបារាំង។ ស្ថិតនៅទំងន់មិនតិចជាង ៣០០០តោន កប៉ាល់នេះត្រូវបានតំលើងម៉ាស៊ីន២ ដែលក្នុងនោះម៉ាស៊ីនមួយមានកំលាំង ១០០០សេស។ នៅជាន់ក្រោមបង្អស់នៃកប៉ាល់ មានម៉ាស៊ីនចំរោះកាកសំនល់ យ៉ាងត្រឹមត្រូវមុននឹងបង្ហូរចូលទៅក្នុងទន្លេ។

“ វាពិតជាហួសពីការស្មាន ចំពោះសំនង់នាវាទេសចរណ៏មួយនេះ សំរាប់រូបខ្ញុំជាកម្មករម្នាក់ ដែលធ្លាប់តែធ្វើការសាង សង់ផ្ទះពីមុនមក។ ” នេះបើតាមលោក វ៉ាន់ ស៊ី កម្មករសំនង់នៅទីនោះ

លោក ជឺ ហៃ បានបញ្ជាក់ថា យើងគិតគូរសំខាន់អំពីសុវត្ថិភាពអ្នកដំនើរ។ ដោយហេតុនេះ យើងមានគំរោងបំពាក់ សារ៉ែននៅតាមបន្ទប់ ប្រពន្ធ័បំពងសំលេង និងកាម៉េរានៅតាមកន្លែងផ្សេងៗ។ បន្ថែមលើនេះ យើងនឹងទាក់ទងក្រុមហ៊ុន ធានា រ៉ាប់រង ដើម្បីឪ្យភ្ញៀវរឹតតែមានភាពកក់ក្តៅ។ ជាពិសេសនោះ គ្រប់កាប៊ីននៅក្នុងកប៉ាល់ត្រូវបានបែងចែកដាច់ ដោយឡែក ពីគ្នា ដើម្បីការពារបញ្ហាជ្រាបទឹកតាមតំបន់ណាមួយ។

“ ខ្ញុំមិនដែលឃើញកប៉ាល់បែបនេះទេ តែពេលខ្ញុំឃើញវា ខ្ញុំមានអារម្មណ៏រំភើបយ៉ាងខ្លាំង ” តាមប្រសាសន៏លោកអ៊ំ ហុង កែវ ដែលបានមកទស្សនាការសាងសង់នាវាមួយនេះ។

នាពេលចាប់បើកដំនើរការ កប៉ាល់ដែលមានស្តង់ដាអន្តរជាតិមួយនេះនឹងផ្តល់ការងារដល់ប្រជាជនប្រហែល ២០០នាក់ ដែលនេះក៏ជាចំនែកមួយឆ្ពោះទៅលុបបំបាត់ភាពក្រីក្រ ក៏ដូចជាទាក់ទាញភ្ញៀវអន្តរជាតិ ឪ្យក្រឡេកមើលស្រុកខ្មែរជា កន្លែងសំរាប់សំរាកកាយនាខែវិស្សមកាលជាដើម។

“ សំរាប់ពេលនេះ ការសាងសង់គ្រោងឆ្អឹងកប៉ាល់បានសំរេចចំនួន ៩០% ហើយប្រសិនបើអ្វីៗដំនើរការតាមការកំនត់ យើងនឹងដាក់សម្ភោធឪ្យប្រើប្រាស់នាខែតុលា ឆ្នាំ២០១០ ខាងមុខ។ ” លោក ជឺ ហៃបន្ថែម

គួរកត់សំគាល់ដែរថា នាវាទេសចរណ៏មេគង្គខ្មែរ ជានាវាទី២ហើយដែលស្ថិតនៅលើផ្ទៃទឹក បន្ទាប់ពីនាវាកាស៊ីណូណាហ្គា ដែលពីមុនមានទីតាំងនៅមុខសណ្ធាគាររីជិនផាក និងក្រោយមកត្រូវបានរើទីតាំងមកនៅលើគោក ស្ថិតនៅខាងជើង រដ្ធសភាជាតិ ដែលមានឈ្មោះថា ណាហ្គាវើលដ។

ថ្វីត្បិតតែនេះជាដំនើរប្រព្រឹត្តលើកដំបូងនៅប្រទេសកម្ពុជា វាត្រូវបានរំពឹងថា នាវាទេសចរណ៏ដែលមនុស្សខ្លះនិយាយថា ជាកប៉ាល់ទីតានិកកម្ពុជា នឹងអាចទាក់ទាញ និងទទួលបានការគាំទ្រពីសំនាក់ភ្ញៀវជាតិ និងអន្តរជាតិ។

“ ប្រសិនបើគំរោងការនេះបានទទួលជោគជ័យ យើងនឹងបន្តបង្កើតកប៉ាល់មួយទៀតឪ្យកាន់តែមានស្តង់ដាជាងនេះ សំរាប់ការធ្វើដំនើរតាមសមុទ្រ ” លោក ជឺ ហៃ និយាយដោយក្តីសង្ឃឹម

No comments:

Post a Comment