Friday, April 2, 2010

Views and Critics Over Giving privilege to TTHK, Co.Ltd

មតិ និងការព្រួយបារម្ភជុំវិញការទទួលសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនធី ធី អេជ ខេ

ជាទូទៅ ក្រសួងពាណិជ្ជកម្មនៃកម្ពុជាតែងតែផ្តល់ជូនអាជ្ញាប័ណ្ណសំរាប់ក្រុមហ៊ុនណា
ដែលមានបំនងចង់ធ្វើជាអ្នក នាំចូលផ្តាច់មុខនូវផលិតផលអ្វីមួយ។ ទន្ទឹមនឹងនេះ
ផងដែរ កាលពីដើមខែមករាឆ្នាំ២០១០ ក្រុមហ៊ុនធី ធី អេជ ខេដែលមានមូលដ្ឋាន
នៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ បានទទួលលិខិតការពារលើកម្មសិទ្ធពាណិជ្ជនាម ក្នុងការ
នាំចូលផ្តាច់មុខរថយន្តតូយ៉ូតា។

“ ដោយសារទទួលជោគជ័យលើគុណភាព និងការបំរើអតិថិជន កាលពីខែមករា
កន្លងមក ក្រុមហ៊ុនយើងខ្ញុំបានទទួលលិខិតការពារលើកម្មសិទ្ធពាណិជ្ជនាម ដែល
ចេញដោយក្រសួងពាណិជ្ជកម្ម។ ” នេះបើតាមប្រសាសន៏លោក កែវ វឌ្ឍនៈ
ប្រធានផ្នែកសេវាអតិថិជនប្រចាំក្រុមហ៊ុន។

ទោះជាយ៉ាងនេះក្តី មានមតិខ្លះបានសំដែងការព្រួយបារម្ភថា ការផ្តល់សិទ្ធិផ្តាច់មុខ
លើយានជំនិះម៉ាកតូយ៉ូតា ហាក់ដូចជាបង្អាក់ការរកស៊ីរបស់អាជីវករដទៃទៀត និង
ទុកឪកាសឪ្យក្រុមហ៊ុនចេះតែតំឡើងថ្លៃដោយស្រេចតែចិត្ត ដោយ ហេតុថាគ្មានដៃគូ
ប្រកួតប្រជែង។

លោក ឃី បូណា អ្នកលក់រថយន្តនៅឃ្លាំងហាក់ ស្រ៊ុនពោលថា ឥលូវនេះយើង
នៅសល់រថយន្តតូយ៉ូតាថ្មីខ្លះដែលនាំចូលមុនពេលក្រុមហ៊ុនធី ធី អេជ ខេទទួល
សិទ្ធផ្តាច់មុខ ដែលរថយន្តទាំងនោះនាំចូលមកពីកោះតៃវ៉ាន់ និងប្រទេសអារ៉ាប់។
លោកបន្ថែមថា ក្រោយពីរថយន្តទាំងនោះលក់អស់ យើងច្បាស់ជាត្រូវបង្ខំចិត្តលក់
រថយន្តតូយ៉ូតាមួយទឹកដើម្បីបំពេញតំរូវការអតិថិជន។

“ ខ្ញុំគិតថា ការឪ្យសិទ្ធិលក់ផ្តាច់មុខទៅក្រុមហ៊ុនមួយ ពុំមែនជាគំនិតល្អឡើយព្រោះថា ទីផ្សារគឺតំរូវឪ្យមានការប្រកួតប្រជែង ហើយការប្រកួតប្រជែងនោះហើយដែលផ្តល់
ផលចំនេញយ៉ាងច្រើនសំរាប់អ្នកប្រើប្រាស់។ ” នេះបើតាមលោក ឃុត ស៊ននិមល
និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ដោយសារតែជីរភាពមានលក្ខណៈធូរធារ ការប្រើប្រាស់រថយន្តសំរាប់ធ្វើដំនើររបស់
ប្រជាជនកម្ពុជា ត្រូវបានមើលឃើញថាមានការកើនឡើងខ្ពស់។ក្នុងនោះ រថយន្ត ម៉ាកតូយ៉តាត្រូវបានទទួលការនិយមខ្លាំងពីសំនាក់មហាជនសំរាប់ប្រើប្រាស់ជាលក្ខណៈ
គ្រួសារ អាជីវកម្ម និងវត្ថុបំនងផ្សេងៗទៀត។

ក្នុងចំនោមម៉ូដែលជាង១៥០ប្រភេទ ដែលត្រូវបានលក់ទូទាំងពិភពលោក មានម៉ូដែល ប្រហែលជាង១០ប៉ុណ្ណោះនៃរថយន្តម៉ាកតូយ៉ូតាដែលដាក់លក់នៅក្នុងប្រទេសកម្ពុជា។
ម៉ូដែលទាំងនោះមានដូចជា កាមរី កូរ៉ូឡា ឡង់គ្រីស័រ វីហ្គូ ប្រាដូ ។ល។ អតិថិជន
អាចរកជាវរថយន្តតូយ៉ូតាជជុស ឬថ្មីនៅតាមហ្គារាសផ្សេងៗ ក៏ដូចជាក្រុមហ៊ុនធី ធី
អេជ ខេ។

បើតាមនិយមន័យសេដ្ឋកិច្ច កាលណាតំរូវការកើនឡើងខ្ពស់ ចំនួននៃការផ្គត់ផ្គង់ក៏កើន
ឡើងផងដែរ។ ហេតុនេះហើយ ទើបសកម្មភាពលក់រថយន្តមានការរីកដុះដាលយ៉ាងខ្លាំង
នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានការប្រកួតប្រជែងរវាងអ្នកលក់រថយន្តជាអាជីវកម្ម
ទាំងខ្នាតតូច ទាំងខ្នាតធំលើរថយន្តថ្មី និងមួយទឹក សំរាប់ជាជំរើសរបស់អ្នកប្រើប្រាស់
ដែលមានជីវភាពធូរធារ ធូរធារល្មម និងមិនសូវធូរធារ។

“ ក្នុងមួយខែ ខ្ញុំអាចលក់រថយន្តបានជាង១០ គ្រឿង ហើយភាគច្រើនជារថយន្តម៉ាក តូយ៉ូតាដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក ” នេះបើតាមសំដីលោក ប៊ុន ច័ន្ទកុម្ភៈ
ម្ចាស់ឃ្លាំងលក់រថយន្តមុន្នីវង្ស។

លោក វឌ្ឍនៈ បានបន្ថែមថា ក្រុមហ៊ុនបាននាំចូលរថយន្តតូយ៉ូតាដោយតំរូវតាមកំរិត
ជីវភាពប្រជាជន ស្ថានភាពផ្លូវ ប្រភេទឥន្ធនៈក្នុងស្រុក និងច្បាប់នាំចូលរបស់ស្រុកខ្មែរ។ រថយន្តទាំងនោះត្រូវបាននាំចូលពីប្រទេសថៃ ហើយ អតិថិជននឹងទទួលបានរថយន្ត ១ខែក្រោយពីពួកគាត់កម្មង់ទិញរថយន្តនោះ។

មូលហេតុដែលធ្វើឪ្យរថយន្តតូយ៉ូតាមានកេរ្ត៏ឈ្មោះល្បីល្បាញជាងគេនៅក្នុងប្រទេស
កម្ពុជា ព្រមទាំងសាកលលោកទាំងមូល គឺដោយសារលក្ខណៈពិសេសផ្នែកគុណភាព
សោភណ័ភាព និងការគិតដល់សុវត្ថិភាពជាចំបង។ ក្រៅពីនេះ រថយន្តដែលផលិត
ដំបូងនៅប្រទេសជប៉ុននេះ មានមុខងារច្រើនប្រភេទ ដែលអាចទាក់ទាញអតិថិជន
ឪ្យជាវ ទោះបីជារថយន្តនេះមានតំលៃខ្ពស់ជាងរថយន្តដទៃបន្តិចក៏ដោយ។

គួររំលឹកផងដែរថា ការកើនឡើងនៃចំនួនយានយន្តនៅកម្ពុជា មានការទាក់ទងនឹង
កំនើនសេដ្ឋកិច្ចនាចុងឆ្នាំ២០០៧ និងដើមឆ្នាំ២០០៨។ បើតាមរបាយការណ៏ក្រុមហ៊ុន
ធី ធី អេជ ខេបានបង្ហាញថា អតិថិជនដែលបានជាវរថយន្តពីក្រុមហ៊ុនមានចំនួនទៅ
ដល់ ១០២៦គ្រឿង នាឆ្នាំ២០០៨។ ផ្ទុយទៅវិញ ចំនួននេះបានធ្លាក់ចុះមកត្រឹមតែ
៤៣៧គ្រឿងប៉ុណ្ណោះនាឆ្នាំ២០០៩ ដោយសារវិបតិ្តសេដ្ឋកិច្ចសាកលលោក។