បើគេនិយាយពីទិវាសិទ្ធនារី គេតែងនឹកដល់ថ្ងៃទី៨ មីនា ដែលជាថ្ងៃតំនាងឪ្យការផ្តល់នូវសិទ្ធស្មើគ្នារវាងបុរស និងស្រ្តីនៅលើសកលលោក។ប្រទេសកម្ពុជាក៏មានការប្រារព្ធបុណ្យនេះជារៀងរាល់ឆ្នាំផងដែរក្នុងគោលបំណង
ជួយលើកស្ទួយនិងជំរុញសមត្ថភាពស្រ្តីក្នុងការអភិវឌ្ឍន៏សហគមន៏។
លោកជំទាវ កេត សំអាត ទីប្រឹក្សាជាន់ខ្ពស់ក្រសួងកិច្ចការនារីបានមានប្រសាសន៏ថា កម្ពុជាប្រារព្ធបុណ្យនេះ ដើម្បីរំលឹកដល់ការតស៊ូរបស់នារី និងពលការនីទូទាំងពិភពលោក ដែលបានប្រឹងប្រែងទាមទារឯករាជ្យភាព និងសមភាពលើកិច្ចការងារក្នុងសង្គម។
គួររំលឹងផងដែរថាបុណ្យសិទ្ធនារីឆ្នាំនេះ គឺជាខួបគំរប់ទី៩៩ហើយ ដែលស្រ្តីបានរួចផុតពីការគាបសង្កត់នានា។ ដោយឡែកនៅកម្ពុជា គឺជាឆ្នាំទី១៥ហើយ ក្រោយពីរាជរដ្ឋាភិបាលបានបង្កើតច្បាប់ស្តីពីសិទ្ធិស្រ្តីចំពោះការអប់រំ ការរើសអើង ការប្រកបរបរ ការសំរេចចិត្ត និងច្បាប់ការពារ។
ទោះជាយ៉ាងនេះក្តី ការកេងប្រវញ្ច័ ការរើសអើង និងរំលោភសិទ្ធិស្រ្តី ព្រមទាំងអំពើហឹង្សាក្នុងគ្រួសារ នៅតែមាន ជារឿយៗនៅក្នុងសង្គមគ្រួសារខ្មែរនាពេលបច្ចុប្បន្ន។ ហេតុនេះហើយទើបមានការចូលរួម ពីស្ថាប័នរដ្ឋ មានក្រសួងកិច្ចការនារី និងអង្គការសង្គមស៊ីវិលរួមគ្នាដើម្បីដោះស្រាយបញ្ហាទាំងនេះ។
ជាក់ស្តែងកាលពីថ្ងៃទី៤ មីនា មានការប្រារព្ធតន្រ្តីដ៏ធំអស្ចារ្យមួយ នាពហុកីឡាដ្ឋានជាតិអូឡាំពិកក្រោមពាក្យស្លោកថា រួមគ្នាបង្កើនសក្តានុពលរបស់ស្រ្តី និងយុវវ័យដើម្បីអភិវឌ្ឍសង្គមជាតិ។ តន្រ្តីនេះរំលឹកដល់ការសំរេចបាននូវសមធម៌ដ៏ល្អ ពិនិត្យមើលការអភិវឌ្ឍន៏ និងស្វែងរកឧបសគ្គនានាដែលស្រ្តីកំពុងជួបប្រទះ។
មុនកិច្ចចាប់ផ្តើមកម្មវិធី លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីបានថ្លែងថា “ តំណែងស្រ្តីបានកើនឡើង ដូចដំនក់ទឹកភ្លៀងមិនដាច់គ្រាប់ នាកំឡុងទស្សវត្យរ៏ចុងក្រោយ។ ប៉ុន្តែដោយសារសុរា គ្រឿងញៀន និងភាពយន្តខ្វះខាត គុណភាព បានធ្វើឪ្យអំពើហឹង្សាក្នុងគ្រួសារ នៅតែស្ថិតក្នុងចំនុចគួរឪ្យព្រួយបារម្ភដដែល។ “
យ៉ាងណាមិញ មានយុវវ័យជាច្រើនបានចូលរួម ដែលភាគច្រើនជាមនុស្សស្រី។ នេះក៏បង្ហាញដែរថា យុវវ័យភាគច្រើន បានយល់ច្បាស់ពីសារសំខាន់នៃសិទ្ធរបស់ពួកគេ ដែលនេះក៏អាចជាផ្លូវកែប្រែកម្ពុជាឪ្យក្លាយជាប្រទេសមួយដែលគ្មាន អំពើហឹង្សា។
“ ខ្ញុំសប្បាយចិត្តពេលនារីត្រូវបានគេទទួលស្គាល់ និងផ្តល់អតិភាពច្រើនក្នុងលក្ខណ្ឌ័ការងារ “ នេះបើតាមកញ្ញា យី ស្រីមុំ បុគ្គលិកក្រុមហ៊ុន Smart Mobile ដែលមានបញ្ជរជិតកន្លែងប្រគំតន្ត្រី។
ចំនែកឯកញ្ញា ទៀក បូរី និស្សិតសាលាវ៉ាន់ដាគណនេយ្យបានសំណូមពរថា ក្រុមបុរសៗមិនគួរមើលងាយស្រ្តីឡើយ ព្រោះស្រ្តីក៏មានសិទ្ធិស្មើ ហើយក៏អាចធ្វើការងារបានដូចបុរសដែរ។ មតិរបស់កញ្ញាបូរី មានលក្ខណៈផ្ទុយពីលោក រស់ ប៉ុន មន្រ្តីស្នងការនគរបាលរាជធានីភ្នំពេញដែលលើកឡើងថា “ ស្រ្តីមានសិទ្ធិ ប៉ុន្តែនាងមិនត្រូវប្រើប្រាស់វាហួសដែន កំនត់ដូចជាក្បត់ផិត ឬលេងល្បែងនោះឡើយ បើមិនដូច្នោះ អំពើហឹង្យាប្រាកដជាកើតមានឡើង។ “
ទិវានារីអន្តរជាតិត្រូវបានកំនត់យកថ្ងៃទី៨ ខែមីនា ក្រោយពីសន្និបាតអន្តរជាតិនារីឆ្នាំ១៩១០ នាប្រទេសដាណឺម៉ាក ទីក្រុងកូបេនហាហ្គេន ដែលកាលនោះមានប្រទេស១៧ចូលរួម។ “ មកទល់ពេលបច្ចុប្បន្ន ប្រទេសអភិវឌ្ឍមួយចំនូន មិនបានប្រារព្ធអ្វីអធឹកអធ័មនោះទេ ដោយហេតុថាសង្គមពួកគេផ្តល់សិទ្ធិដល់ស្រ្តីរួចមកហើយ។ “ លោកជំទាវ កេត សំអាត បន្ថែម
ដោយសារជនគ្រប់រូបជាអ្នកកំនត់វាសនាខ្លួនគេផ្ទាល់ ស្រ្តីគ្រប់រូបគប្បីសង្វាតស្វាធ្យាយធ្វើយ៉ាងណាឪ្យជីវិតខ្លួនមានភាព ស្រស់បំព្រង ពោរពេញទៅដោយសេចក្តីសុខ និងសុភមង្គលដើម្បីជាធនធានមនុស្សដ៏ឆ្នើមសំរាប់អភិវឌ្ឍប្រទេសជាតិ។
“ សូមស្រ្តីទាំងឡាយចូលរួមកសាងសមត្ថភាព ស្វែងរកពត៌មាននានា ហើយកុំបណ្តោយខ្លូនឪ្យធ្លាក់ខ្លូនប្រព្រឹត្តអំពើមិន គប្បីទាំងឡាយ “ លោកជំទាវ អ៊ឹង កន្ថាផាវីបញ្ជាក់។
No comments:
Post a Comment