តាមរយៈការស្រាវជ្រាវ មនុស្សខ្មែរចេះធ្វើឧបករណ៏ចិញ្ចឹមសត្វ កសិកម្ម និងអភិវឌ្ឍន៏រហូតចេះបង្កើតអក្សរ វប្បធម៌ អរិយធម៌ ពិសេសសិលាចារឹកក្នុងចន្លោះយុគបុរេប្រវត្តិ និងសម័យប្រវត្តិសាស្រ្ត។ ភស្តុតាងសំភារៈទាំងនោះ ត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្នក្នុងសារមន្ទីរជាតិ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រះបរមរាជវាំង។
មានអាយុកាលជិតមួយសតវត្សរ៏ សារមន្ទីរជាតិ ( អតីតសារមន្ទីរអាល់ប៊ែរ សារ៉ូ ) ជាកន្លែងដាក់តាំងបង្ហាញវត្ថុសិល្បៈ ដែលលាតត្រដាងពីជីវភាពរស់នៅ និងភាពរុងរឿងរបស់បុព្វបុរសខ្មែរនាសម័យអតីតកាល។ គំនិត និង ស្នាដៃដ៏ផ្ចិតផ្ចង់ទាំងនោះ ត្រូវបានប្រមូលយកពីប្រាង្គប្រាសាទ និងស្ថានីយ៏បុរេប្រវត្តិនានា ស្ថិតលើដែនដីទំហំ ១៨១០៣៥ គ.ម ក្រឡា។
“ មកទល់ពេលបច្ចុប្បន្ន សារមន្ទីរមានតាំងពិពរណ៌ជាង២០០វត្ថុសិល្បៈ ដោយបែងចែកទៅតាមសម័យកាល ( មុន កំឡុង និងក្រោយអង្គរ ) ប្រភេទវត្ថុសិល្បៈ ( ថ្មភក់ សំរិទ្ធ ឈើ ... ) ប្រភេទចំលាក់ ( លិប លៀន និងលោត ) និងជាចុងក្រោយគឺរចនាបថ ( ភ្នំដា សំបូរព្រៃគុហ៏... ) “ នេះបើតាមការពន្យល់របស់មគ្គុទេសក៏សារមន្ទីរ អ្នកស្រី ខា ដាលីន។
អាគារសារមន្ទីរមានទំរង់ជាការេបួនជ្រុង សង់ពទ្ធ័ជុំវិញសួនច្បារដែលមានផ្កាចំរុះ ដុះតាមស្រះទឹកដែលមានផ្កាឈូក និងផ្កាព្រលិតខ្លះរីក ខ្លះក្រពុំ។ ទាំងអស់នេះរឹតតែធ្វើឪ្យអាគារបុរាណមួយខ្នងនេះ កាន់តែមានសំរស់មួយកំរិតថែមទៀត និងជាកន្លែងភ្ញៀវទេសចរណ៏អង្គុយសំរាកវិភាគពីសំនង់អាគារសារមន្ទីរ ក្រោយពីទស្សនារូបចំលាក់នៅខាងក្នុង។
អ្នកទស្សនាត្រូវបានតំរូវឪ្យធ្វើដំនើរចូលតាមច្រកខាងកើតអាគារពណ៌ដីលែង ( ពណ៌តំនាងឪ្យឈាមបុព្វបុរស ) ដោយចាប់ផ្តើមពីកន្លែងតាំងពិពរណ៌សម័យអង្គរ បន្តបន្ទាប់ជាមួយរូបចំលាក់ផ្សេងៗ ហាក់ដូចជាទាញស្មារតីពួក គាត់ឪ្យចូលទៅក្នុងសម័យកាលទាំងអស់នោះ ក្រោមការបកស្រាយដ៏ក្បោះក្បាយពីបណ្តាមគ្គុទេសក៏។ ភ្ញៀវជាតិ និងអន្តរជាតិក៏អាចយល់ដឹងពីរូបចំលាក់ទាំងនោះ តាមរយៈសៀវភៅមគ្គុទេសក៏ ដែលមានលក់នៅជិតច្រកចូលក្នុងតំលៃសមរម្យ។
យោងតាមអ្នកស្រី សុ វិជ្ជា អ្នកសំរបសំរួលក្នុងសារមន្ទីរបានប្រាប់ថា ការបង់ប្រាក់ចូលទស្សនាសំរាប់ជនបរទេស គឺ៣ដុល្លារ ចំនែកឯពលរដ្ឋខ្មែរគឺ៥០០រៀល។ ដោយឡែកសិស្សនិស្សិត ព្រះសង្ឃ ទាហាន និងជនក្រីក្រគឺពុំត្រូវបានតំរូវឪ្យបង់ប្រាក់ឡើយ។ ចំនុចពិសេសស្ថិតនៅត្រង់ថា សារមន្ទីរបើកបំរើ៧ថ្ងៃក្នុងមួយសប្តាហ៏ ចាប់ពីម៉ាង៨ព្រឹក ដល់៥ល្ងាច ដើម្បីបើកឪកាសដល់អ្នករវល់ថ្ងៃសប្តាហ៏ចូលទស្សនា។
រូបចំលាក់ព្រះវិស្ណុដៃ៨ ដែលជារូបចំលាក់ខ្ពស់បំផុតក្នុងសារមន្ទីរ ដងខ្លួនហរិហរៈ និងទំរង់ព្រះភក្រ្ត័ព្រះពុទ្ធរូបជាដើម សុទ្ធតែបង្ហាញពីស្នាដៃដ៏ប៉ិនប្រសប់ និងអំនត់អត់ធ្មត់របស់ដូនតាខ្មែរ ដែលជាចំនុចទាក់ទាញក្រសែភ្នែកទេសចរណ៏ទាំងឡាយ ឪ្យមកទស្សនាម្តងហើយម្តងទៀតដើម្បីធ្វើការស្វែងយល់ និងសិក្សាចំនុចលំអិតផ្សេងៗ។
“ ខ្ញុំមកទស្សនាទីនេះម្តងទៀត ក្រោយពីមិត្តភក្តិខ្ញុំណែនាំឪ្យមកទីនេះនាឆ្នាំ២០០៥ ដើម្បីអានឪ្យយល់ច្បាស់ពីរូបចំលាក់នីមួយៗ។ ខ្ញុំពេញចិត្តទីនេះ ពិសេសរូបចំលាក់ព្រះពុទ្ធរូប ព្រោះថាព្រះភក្រ្ត័គាត់ហាក់ដូចជាកំពុងញញឹមរាក់ទាក់ដាក់ខ្ញុំអញ្ចឹង “ នេះជាការលើកបង្ហាញរបស់អ្នកស្រី ហ្គាប៊ី រីបគេ គ្រូបង្រៀនចូលនិវត្តន៏ឆ្លងដែនពីប្រទេសអាល្លឺម៉ង់។
និស្សិតសាកលវិទ្សាល័យបញ្ញសាស្រ្តម្នាក់ឈ្មោះ គង់ គូគូបានប្រាប់ថា រូបគេក៏ដូចជាមិត្តភក្តិ ជានិច្ចកាលតែងតែមកសារមន្ទីរជាតិរាល់ពេលពួកគេទំនេរ ដើម្បីសិក្សាពីវត្ថុសិល្បៈ សិលាចារឹកទាំងឡាយឪ្យបានជាក់ក្នុងនាមជាកូនខ្មែរមួយរូប។
យោងតាមការបកស្រាយរបស់អ្នកស្រី ដាលីន ស្ថាបត្យកម្មមួយនេះ ត្រូវបានចាប់ផ្តើមកសាងនាឆ្នាំ១៩១៧ ក្នុងរជ្ជកាលព្រះបាទស៊ី សុវត្តិ។ នាឆ្នាំ១៩២០ មានការដាក់សម្ភោធឪ្យប្រើប្រាស់ ចំពេលប្រារព្ធពិធីបុណ្យចូលឆ្នាំក្រោមឈ្មោះជាសារមន្ទីរអាល់ប៊ែរ សារ៉ូ តាមឈ្មោះរេស៊ីដង់ក្នុងសម័យអាណានិគមបារាំង។ រហូតដល់ឆ្នាំ១៩៥៤ ដែលរោងជាងសិប្បកម្មនេះប្តូរឈ្មោះជាសារមន្ទីរជាតិ ក្រោយពីប្រទេសខ្មែរទទួលបានឯករាជ្យ។ ជាអកុសល ទីកន្លែងគររូបចំលាក់មួយនេះ ត្រូវបានបំផ្លិចបំផ្លាញម្តងទៀតនាសម័យខ្មែរក្រហម។
“ រហូតដល់ទៅដើមសតវត្សរ៏ទី២១ ដែលសារមន្ទីរចាប់បើកជួសជុល និងទទួលភ្ញៀវទេសចរណ៏សារជាថ្មី ក្រោមការជួយឧបត្ថម្ភពីអង្គការយូណេស្គូ និងដៃគូអន្តរជាតិដើម្បីជួសជុលរូបចំលាក់ និងតំរៀបតាមទីកន្លែងសមស្រប។ ” អ្នកស្រី ដាលីនបន្ថែម។
មគ្គុទេសក៏រូបនេះបានប្រាប់ថា ក្នុងការជួសជុល មានប្រទេសពីរដែលចូលរួមជួសជុលចំលាក់ថ្ម និងចំលាក់សំរិទ្ធ គឺប្រទេសបារាំង និងសហរដ្ឋអាមេរិក។ ដោយឡែកផ្នែកអាគាររួមមាន ការជួសជុលសំនង់បាក់បែក ដំបូលដែល ធ្លុះធ្លាយ និងបណ្តេញសត្វប្រចៀវរាប់ពាន់ក្បាល ដែលលាមកវានាំឪ្យមានក្លិនអសោច។
ការអភិវឌ្ឍន៏បានបន្តកើតមានបន្តិចម្តងៗ និងមិនចេះចប់មិនចេះហើយ ជាមួយចំនួនទេសចរចាប់ពីបន្តិចបន្តួច រហូតដល់ជាមធ្យម៧០០នាក់ ក្នុង១ថ្ងៃ។ សារមន្ទីរជាតិបានក្លាយជាកន្លែងដ៏មានប្រជាប្រិយភាពទី២ ក្នុងរាជធានីភ្នំពេញបន្ទាប់ពីព្រះបរមរាជវាំង។
ស្របពេលគ្នានោះ មានចំនុចមួយចំនួនដែលភ្ញៀវទេសចរមិនមានភាពពេញចិត្តផងដែរ ហើយអាចនឹងធ្វើឪ្យសារមន្ទីរដ៏ល្បីល្បាញនេះក្លាយជាទីស្ងាត់ជ្រងំម្តងទៀត។ “ រាល់ពេលភ្លៀងខ្លាំង តែងតែមានការសាចទឹកតាមតំបន់ជិតបង្អួចជានិច្ច ដែលភ្ញៀវមានការលំបាកក្នុងការដើរ។ “ បងស្រី វិជ្ជាសារភាពប្រាប់។
“ ការរៀបចំក្នុងសារមន្ទីរពិតជាមានលក្ខណៈល្អប្រសើរ តែអ្នកមគ្គុទេសក៏ហាក់ដូចជាមិនសូវប្រាប់ខ្ញុំបានច្បាស់ អំពីកាយវិការនៃរូបចំលាក់បានគ្រប់ជ្រុងជ្រោយឡើយ “ អ្នកស្រីហ្គាប៊ី សំដែងភាពមិនពេញចិត្ត។
ជាមួយគ្នានេះ ហ៊ុយ វីរយ៉ា និស្សិតឆ្នាំទី២នៃវិទ្យាស្ថានបច្ចេកទេសកម្ពុជាបានលើកឡើងថា ពួកគាត់ជានិស្សិត គ្មានសម្ថភាពជួលអ្នកមគ្គុទេសក៏ទេ វាធ្វើឪ្យគាត់កាន់តែធុញទ្រាន់នាពេលដែលគាត់មកទីនេះ ហើយគ្មានការពន្យល់ណែនាំពីជនរូបនោះ។
ជួបប្រទះនឹងបញ្ហាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ អាគារវត្ថុសិល្បៈក្បូរក្បាច់មួយខ្នងនេះ នៅតែរង់ចាំទទួលការ គាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីបន្តការអភិវឌ្ឍនិងបង្កើតថ្មី ក្នុងគោលដៅបំពេញតំរូវចិត្ត និងផ្សព្វផ្សាយកេរ្ត៏ឈ្មោះប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរយៈ។
លោកម័រហ្គេម ក្រេក ទេសចរណ៏សញ្ជាតិអាមេរិក បានសំដែងភាពស្ញើចសរសើរចំពោះវត្ថុសិល្បៈ ដែលវាបានបង្ហាញពីភាពថ្កុំថ្កើងរបស់ចក្រភពខ្មែរ ដែលជាបណ្តុំសាសនា វប្បធម៌ប្រពៃណី និងអ្នកដឺកនាំដែលមានរិទ្ធីអំនាច។ ដូច្នេះ ទាំងអស់នោះជាភស្តុតាងសំរាប់ឪ្យកូនខ្មែរជំនាន់ក្រោយខិតខំប្រឹងប្រែង អភិវឌ្ឍប្រទេសខ្លួនឪ្យខ្លាំងក្លា និងរីកចំរើន ដើម្បីក្លាយជាប្រទេសមហាអំនាចប្រចាំអាស៊ីម្តងទៀត។
No comments:
Post a Comment