សៀវភៅប្រវត្តិសាស្រ្ត កំនាព្យ បទចំរៀង និងឯកសារនានាសុទ្ធតែជាបណ្តុំចំនេះដឹងសំរាប់ជនគ្រប់រូប ប៉ុន្តែ
តើត្រូវធ្វើយ៉ាងណាប្រសិនបើជនមួយចំនួនមិនសូម្បីតែចេះអក្សរមួយតួផងនោះ? ដោយមើលឃើញពីបញ្ហានេះ នាឆ្នាំ ២០០៦ មានការបង្កើតនូវមជ្ឈមណ្ឌលឯកសារសោតទស្សន៏ (ឯកសារដែលអាចមើលឃើញ ឬស្តាប់បានតាមរយៈរូបភាព វីដេអូ និងសំលេង) ដំបូងបង្អស់នៅចំកណ្តាលរាជធានីភ្នំពេញ។
មជ្ឈមណ្ឌលធនធានសោតទស្សន៏បុប្ផាណា ឬមជ្ឈមណ្ឌលបុប្ផាណា ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ លោក រិទ្ធី ប៉ាន់ ផលិតករភាពយន្តខ្មែររស់នៅប្រទេសបារាំង ក្នុងកំឡុងពេលមកកាន់ប្រទេសកម្ពុជានាឆ្នាំ១៩៩០ ដោយមានកិច្ចសហការ ជាមួយលោក អៀវ បណ្ណាការ ផលិតករខ្សែភាពយន្ត និងជាអ្នកទទួលខុសត្រូវនាយកដ្ឋានវប្បធម៌ភាពយន្តនៃក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ដើម្បីចាប់ផ្តើមគំរោងនាឆ្នាំ២០០៥ និងដាក់សម្ភោពឪ្យប្រើប្រាស់នាខែធ្នូ ឆ្នាំ២០០៦។
គោលបំណងបុប្ផាណា ជារួមផ្តល់លទ្ធភាពក្នុងការមើលឃើញរូបភាពក្នុងអតីតកាល ធ្វើឪ្យមានការនឹកឃើញ ឡើងវិញ ផ្សព្វផ្សាយប្រវត្តិសាស្រ្ត ព្រមទាំងវប្បធម៌ដល់មនុស្សជំនាន់ក្រោយបានដឹង និងដើម្បីកសាងអនាគត មួយរួមគ្នា។
ស្ថិតនៅអាគារកំពស់ពីរជាន់ មានរចនាបថជាបេតិកភណ្ឌស្ថាបត្យកម្មមួយនាទសវត្សរ៏ទី៥០ ដែលត្រូវបាន អនុញ្ញាតឪ្យប្រើប្រាស់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មជ្ឈមណ្ឌលបុប្ផាណាមានអាស័យដ្ឋាន ផ្ទះលេខ៦៤ ផ្លូវលេខ២០០ ឬឧកញ្ញាម៉ែន សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយបើកបំរើពីថ្ងៃចន្ទ័ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច។
បងស្រី ជុំ ណយ អ្នកទទួលខុសត្រូវផ្នែកពិពរណ៌នៃមជ្ឈមណ្ឌលបុប្ផាណាមានប្រសាសន៏ថា មជ្ឈមណ្ឌលបានសហការ ជាមួយដៃគូក្នុង និងក្រៅប្រទេសក្នុងការប្រមូលផ្តុំទិន្នន័យ និងឯកសារនានាដែលបាត់បង់កាលពីរយៈកាលកន្លងមក ដើម្បីចងក្រងរក្សាទុក និងចាក់ជូនសំរាប់ភ្ញៀវជាតិ និងអន្តរជាតិ ពិសេសសិស្សនិស្សិតដែលចង់ស្វែងយល់ពីសម័យអតីតកាល ទស្សនា។ ជាងនេះទៅទៀត មជ្ឈមណ្ឌលក៏បានសហការជាមួយស្ថាប័ននៅតាមខេត្តក្រុង ដើម្បីបញ្ជាំងខ្សែភាពយន្តចល័ត ជូនប្រជាជនតាមជនបទទស្សនាផងដែរ។
“ មកដល់ពេលបច្ចុប្បន្ន យើងបានស្វែងរកជាង៣០០០ឯកសារសោតទស្សន៏ ដែលផលិតឡើងនាឆ្នាំ១៨៨៦ និង៦ឯកសាររូបភាព មានមូលដ្ឋានក្នុងឆ្នាំ១៨៩៩ “ បងស្រីជុំ ណយលើកបង្ហាញ។
ស្ថិតនៅជាន់ទី១នៃអាគារពណ៌ស លើផ្ទៃដីទំហំប្រហែល២៤០ម៉ែត្រក្រឡា បណ្ណាសារនៃមជ្ឈមណ្ឌលបុប្ផាណាជាកន្លែងផ្ទុក ឯកសាររួមមាសំនេរ រូបភាព និងវីដេអូ ព្រមទាំងសំលេង ដែលត្រូវបានរក្សាទុកក្នុងប្រពន្ធ័កុំព្យូទ័រ។ ប្រពន្ធ័នេះផ្តល់ជូន ជាជំរើសបីភាសា ដែលអ្នកអានអាចជ្រើសរើសទៅតាមចំនង់ចំនួលចិត្តរបស់ខ្លួន តាមរយៈ ប្រពន្ធ័ផ្ទុកទិន្នន័យឈ្មោះ ហនុមាន។
“ ឯកសារក្នុងកុំព្យូទ័រ ត្រូវបានបែងចែកទៅតាមផ្នែកខុសៗគ្នាដូចជា ផ្នែកសុខាភិបាល នយោបាយ វប្បធម៌ សម័កាល និង ឈ្មោះក្រសួងឬស្ថាប័នដែលឧបត្ថម្ភជាឯកសារសំរាប់មជ្ឈមណ្ឌលយើងខ្ញុំ។ ក្នុងលក្ខណ្ឌដែលអ្នកស្រាវជ្រាវចង់ខ្ចី ឯកសារ ទាំងនោះ ពួកគាត់ត្រូវធ្វើការស្នើរសុំ ឬដាក់ជាលិខិតបញ្ជាក់ពីគោលបំណងច្បាស់លាស់ ដើម្បីជៀសវាងការយកឯកសារ ទៅប្រើប្រាស់ក្នុងផ្លូវអាក្រក់ “ នេះបើតាមការពន្យល់របស់បងស្រី ធីតា បណ្ណារក្ស នៃមជ្ឈមណ្ឌលបុប្ផាណា។
នៅជាន់ផ្ទាល់ដីនៃឃ្លាំងស្តុកឯកសារមួយនេះ ជានិច្ចកាលតែងតែមានការតាំងពិពរណ៌ផ្ទាំងគំនូរ ស្តីអំពីប្រទេស ខ្មែរកាលពី សម័យមុន ដើម្បីជាបទពិសោធន៏ចំនេះដឹងសំរាប់យុវវ័យជំនាន់ក្រោយ ដោយមានការចូលរួមពីវិចិត្រករនៅតាមបណ្តាខេត្ត ក្រុងនានា ក្រោមគំនិតបង្កប់ក្នុងគំនូរខុសៗគ្នា។
បងស្រី ស៊ូ សុភី ម្ចាស់ផ្ទាំងគំនូរឈ្មោះ “ ស្នាដៃចុងក្រោយនៃមនុស្សនាសម័យខ្មែរក្រហម “ មកពីខេត្តបាត់ដំបងបានរៀបរាប់ប្រាប់ថា គាត់បានចំនាយរយៈពេលមួយអាទិត្យខិត្តខំគូរផ្ទាំងគំនូរនេះ ព្រោះថាគំនូរអាចឪ្យមនុស្សម្នាក់យល់ពីអត្ថន័យ ទោះបីជាគាត់ពុំចេះអក្សរក៏ដោយ។ រូបភាពដៃម្ខាងកាន់ផ្តិល ដៃម្ខាងកាន់ធូបក្នុងផ្ទាំងគំនូរ ជាការបង្ហាញពីសម័យកាលខ្មែរក្រហមខ្ចាត់ព្រ័ត្រ ដែលជនរងគ្រោះកំពុងធ្លាក់ក្នុងជំងឺដោយពុំមានថ្នាំសង្កូវហើយគ្មានអ្វីទីពឹងក្រៅពីបន់ស្រន់សុំឪ្យរួចផុតពីគ្រោះទាំងនោះ។
ដើម្បីបង្កើនចំនេះដឹងទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរ មជ្ឈមណ្ឌលបុប្ផាណាក៏បានបើកជាកម្មវិធីសិក្ខាសាលាស្តីពី ខ្សែភាពយន្ត ក៏ដូចជាវគ្គបណ្តុះបណ្តាលថតរូប និងប្តូររូបភាពគ្មានចលនាឪ្យទៅជាមានចលនា រៀងរាល់ចុង សប្តាហ៏ ក្រោមការបង្ហាត់បង្ហាញរបស់អ្នកជំនាញខ្មែរ និងបរទេស។ មួយផ្នែកធំនៃកម្មវិធីបណ្តុះបណ្តាល ផ្តោត សំខាន់លើការងារអនុវត្តជាក់ស្តែង ហើយសមិទ្ធិផលដែលសំរេចបាន នឹងអាចបញ្ចូលទៅក្នុងមូលដ្ឋានទិន្នន័យ ទៅតាមពេលវេលាដ៏សមគួរ។
យុវវសិស្សនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឈ្មោះ សាន សុភាព បានឆ្លើយថា ខ្លួនគេផ្ទាល់មានអារម្មណ៏យល់ដឹងច្បាស់អំពីខ្សែភាពយន្ត ក្រោយពីគេបានសិក្សាវគ្គបណ្តុះបណ្តាលនេះ។ “ វាពិតជាមានការលំបាក តែខ្ញុំ តែងតែគិតថា សម័យមុនគេអាចធ្វើបាន ចុះហេតុអីខ្ញុំមិនអាចធ្វើបាននៅសម័យនេះ? “
រឹតតែវិសេសវិសាលជាងនេះទៅទៀត គ្រឹះស្ថានឯកសារបុរាណនេះបានខិតខំប្រឹងប្រែង ហើយបានសំរេចលើ ការបង្កើតទំនុកចំរៀងកាលពីទស្សវត្សរ៏ទី២០ ពីចំរៀងក្នុងក្រដាសមកជាសំនៀងរបស់អ្នកចំរៀងបច្ចុប្បន្ន ដែល មានដាក់លក់ក្នុងតំលៃថោកសមរម្យ ដើម្បីផ្តល់ឪកាសដល់ប្រជាពលរដ្ឋបានយល់និងស្គាល់អំពីទំនុកបទភ្លេងនាសម័យនោះ។
កាលពីអតីតកាល ពោលនៅដើមទស្សវត្សរ៏ទី៩០ បេតិកភណ្ឌ័សោតទស្សន៏កម្ពុជាហាក់ដូចជារង់ចាំតែពេលវេលា កំដៅថ្ងៃ និងធូលីដីមកបង្ហើយតែបុណ្ណោះ បន្ទាប់ពីសង្រាមច្រើនទស្សវត្សរ៏ រដ្ឋប្រហារនានា និងភាពឆ្កួតលីលានៃ អំពើប្រល័យពូជសាសន៏។
កង្វល់លោករិទ្ធី ប៉ាន់ បានធ្វើឪ្យផុសឡើងនូវគំនិតបង្កើតមជ្ឈមណ្ឌលធនធានសោតទស្សន៏បុប្ផាណា ដែលជា កន្លែងសំរាប់រក្សា និងបង្កើតការចងចាំ ក្នុងគោលបំណងជួយឪ្យបេតិកភណ្ឌសោតទស្សន៏មានអត្ថប្រយោជន៏ និង មានថាមពលឡើងវិញ។ ឈ្មោះបុប្ផាណា ចង់រំលឹកទៅដល់នារីរងគ្រោះម្នាក់ក្នុងមន្ទីរឃុំឃាំងស២១។
ទោះបីជាពេលបច្ចុប្បន្នបុប្ផាណាទទួលជំនួយពីស្ថាប័នមានដូចជា ADAAC និង ARPAA ក៏ដោយ ក៏មជ្ឈមណ្ឌលខិតខំស្វែងរកដៃគូសហការបន្ថែម ដើម្បីស្វែងរកឯកសារចាស់ៗ ក៏ដូចជាថវិការវិភាគទាននានា។
បេសកកម្មចំបងអនាគតរបស់បុប្ផាណារូមមាន ការដំឡើងផ្នែកផ្គត់ផ្គង់មួយសម្រាប់ការថតរបស់ខ្លួន និងសម្រាប់ទទួលការថតរបស់បរទេសនៅកម្ពុជា ការផលិតនិងការថត ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងវគ្គបណ្ដុះបណ្ដាល និងអាចជាកន្លែងអនុវត្តការងារសម្រាប់យុវជនដែលបានបញ្ចប់ការសិក្សា ជាមួយនឹងការបោះពុម្ភសៀវភៅប្រវត្តិសាស្រ្ត ក្នុងតំលៃ ទាបបំផុត។
No comments:
Post a Comment